Real បាត់អ្នកគាំទ្រជាង១លាននាក់ បន្ថែមក្នុង Twitter ក្រោយ Ronaldo លេងមួយក្បាច់

អេស្ប៉ាញ៖ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្រុម Juventus នៅក្នុងតម្លៃពលកម្ម ១០០លានអឺរ៉ូរួចមក គេសង្កេតឃើញថាក្រុមម្ចាស់ការពារដំណែងជើងឯកក្របខណ្ឌ Serie A កាលពីឆ្នាំមុននេះបានកើនឡើងនូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ចំណែកឯអតីតក្លិបរបស់កីឡាករនេះវិញ នៅតែបន្តបាត់អ្នកគាំទ្រជាង ១លាននាក់គិតត្រឹម ២៤ម៉ោងចុងក្រោយនៅលើបណ្ដាញសង្គម Twitter ។

កន្លងទៅ អំឡុងការប្រកួតដោយគ្មានវត្តមាន Ronaldo នៅក្នុងសប្តាហ៍ដំបូងនៃក្របខណ្ឌ La Liga បានធ្វើឲ្យអ្នកគាំទ្ររបស់ក្លិបបាត់ស្ទើរតែមួយចំហៀងកីឡដ្ឋានទៅហើយ ដែលនេះគឺសរបញ្ជាក់ឲ្យឃើញថាអ្នកគាំទ្ររាប់រយលាននាក់របស់ក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អេស្ប៉ាញ ៣៣សម័យកាលនេះគឺស្រឡាញ់និងចូលចិត្តអតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United នេះជាងក្លិបរបស់គេដែលធ្លាប់លេងទៅទៀត។

បើក្រឡេកទៅមើលនៅលើបណ្ដាញសង្គម Instagram របស់ក្លិបសេះបង្កង់ Juventus វិញបានកើនឡើងជាគំហុកពោលគឺឡើងដល់ទៅ ២៥%នៃចំនួនអ្នក Follow ទាំងអស់របស់ក្លិបអ៊ីតាលីមួយនេះ។
បើសិនជាបូកសរុបនៅលើបណ្ដាញសង្គមធំៗទាំង ៣រួមមានដូចជា៖ Facebook, Instagram និង Twitter របស់ក្លិបយក្សអ៊ីតាលីនេះវិញគឺមានការកើនឡើងអ្នកគាំទ្រដល់ទៅ ៦លាននាក់ឯណោះក្រោយពីពួកគេអាចទិញយកខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំនេះបាន៕






Leave a Reply