នាយ វីតាមីនសេ បម្រើ​សិល្បៈ​ជិត​កន្លះ​សតវត្ស តាំង​ពី​វ័យ​១០​ឆ្នាំ

នាយ​ វីតាមីនសេ ដែល​​ធ្លាក់​ខ្លួន​​​ឈឺ​ជំងឺ​ដុំ​សាច់​មហារីក​​​នៅ​បវិវេណថ្លើម និង​ទឹក​នោម​ផ្អែម​រ៉ាំរ៉ៃ ជា​យូរ​មក​ហើយ​នោះ​ បាន​ទទួលមរណភាព​ហើយ​កាល​ពីរំលង​អាធ្រាត្រ​ នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​២៩ ឈាន​​​ចូល​ថ្ងៃ​ទី​៣០ ខែមីនា​ ឆ្នាំ​២០១៨​នេះ។ លោក​ត្រូវ​បាន​មហាគ្រួសារ​ខ្មែរ​គ្រប់​វ័យ​ គ្រប់​តំបន់​ទទួល​ស្គាល់​ថា​ជា​​កំពូល​​តារា​កំប្លែង​ និង​សិល្បករ​ល្ខោន​បាសាក់​ដ៏​ល្បី​មួយ​រូប ត្បិត​លោក​​បាន​ប្រើការងារ​​ក្នុង​វិស័យ​​នេះ​អស់​កន្លះ​ជិត​​៥០​ឆ្នាំ​មក​ហើយ។

ត​ទៅ​នេះ គឺ​ជា​​ជីវ​ប្រវត្តិ​ និង​ដំណើរ​ជីវិត​តស៊ូ ដែល​លោក​តា វីតាមីនសេ បាន​ហែល​ឆ្លង​ក្នុង​រយៈ​កាល​​ជិត​៧០​ឆ្នាំ​​នា​ពេល​កន្លង​មក​៖

ស្ថានភាព​គ្រួសារ

លោក ម៉ៅ សាមឿន ហៅ​នាយ​វីតាមីន​សេ កើត​នៅ​ថ្ងៃ​ទី១៣ ខែ មេសា ឆ្នាំ ១៩៤៨ ស្ថិត​ក្នុង​ភូមិ​កោងកាង ឃុំ កោងកាង ស្រុក ពញាក្រែក ខេត្ត កំពង់ចាម។ លោក​គឺ​ជា​កូន​ច្បង​ក្នុង​ចំណោម​បង​ប្អូន​៥នាក់​ ប្រុស៣ ស្រី២។ ប្អូន​របស់​លោក​ចំនួន២​នាក់ស្លាប់​​ក្នុង​របប​ប៉ុលពត។  ឪពុក​របស់​លោក​ឈ្មោះ​ ទូច ម៉ៅ​ និង​ម្ដាយ​ឈ្មោះ ឃឹម យា​ន ជា​កសិករ​ ដែល​ទទួល​មរណៈ​ភាព​ជាយូរមកហើយ។

លោក​រៀបអាពាហ៍ពិពាហ៍​នៅ​ឆ្នាំ១៩៧២ ជា​មួយ​អ្នក​ស្រី លីវ ស៊ីថា បច្ចុប្បន្ន​មាន​អាយុ៦៨ឆ្នាំ​ជា​មេផ្ទះ​។ លោក​មាន​កូន​ចំនួន៥នាក់ប្រុស២ ស្រី៣។ ក្នុង​ចំណោម​កូន​ទាំង​៥នាក់​របស់​លោក លោក​បាន​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយ​ជា​អ្នក​សិល្បៈ​បាន​ម្នាក់ គឺ អ្នក​ស្រី មឿន និមល ហៅ​ ប៉េងប៉ោង។

ប្រវត្តិ​ការសិក្សា

លោក​មិន​បាន​​ទទួល​ការ​អប់​រំ​ច្រើន​ទេ គឺ​រៀន​​បាន​ត្រឹម​ថ្នាក់​ទី៨ កាល​ពី​សម័យ​ដើម ដែល​ស្មើ​នឹង​ថ្នាក់​ទី៤ បច្ចុប្បន្ន​ប៉ុណ្ណោះ។ សាលា​ដែល​លោក​រៀន​មាន​​ឈ្មោះ​ថា  “សាលារៀន​វត្ត​ព្រះ​សម្បូរ”។ លោក​សិក្សា​បាន​ចំនួន២ឆ្នាំ បន្ទាប់​មក​បាន​ផ្លាស់​មក​រៀន​នៅ “សាលារៀន​ជាន់ដំបូង” ស្ថិត​ក្នុង ​ភូមិ​កោងកាង ឃុំ កោងកាង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។

ប្រវត្តិ​តស៊ូ និង​ដើមចម​ក្លាយ​ជា​អ្នក​សិល្បៈ

កាល​ពី​លោក​មាន​អាយុ​ប្រហែល១០​ឆ្នាំ ឪពុក​របស់​លោក​បាន​ស្លាប់​ចោល​ដោយ​សារ​ជំងឺ។ ក្រោយ​ពី​ឪពុក​របស់​លោក​បាន​​​លាចាក​ទៅ ទ្រព្យសម្បត្តិ ដីធ្លី និង ​ផ្ទះ​របស់​​ក្រុម​គ្រួសារ​លោក ​ត្រូវ​បាន​ម្ចាស់​បំណុល​រឹប​អូស​យក​អស់។ កាល​ណោះ​លោក​នៅ​ក្មេង​ពេក មិន​ដឹង​ថា ឪពុក​របស់​លោក​ជំពាក់ប្រាក់គេ​ដោយ​សារ​រឿង​អ្វី​នោះ​ទេ។ ក្រោយ​ពី​ត្រូវ​បាន​ម្ចាស់​បំណុល​រឹប​អូស​ទ្រព្យ​សម្បត្តិ ដីធ្លី និង​ផ្ទះ​អស់​ហើយ ម្ដាយ​និង​ប្អូន​ៗ​របស់​លោក បាន​ចាក​ចេញ​ពី​ស្រុក​កំណើត  ទៅ ​រស់​នៅ​ក្នុង​ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម ដែល​ជា​ស្រុក​កំណើត​​ម្ដាយ​របស់​លោក។

ចំណែក​​រូប​លោក​ត្រូវ​បាន​ម្ដាយ យក​ទៅ​ឲ្យ​ស៊ីឈ្នួល​បម្រើ​នៅ​ផ្ទះ​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​មួយ ​ក្នុង​ទឹកដី​ស្រុក​ពញាក្រែក។ តម្លៃ​​​ពលកម្ម​ជា​អ្នក​បម្រើ​គេកាលណោះ ​គឺ​គិត​ជា​ស្រូវ​៣០ថាំង​ក្នុង១ឆ្នាំ ។ ការងារ​ដែល​លោក​ធ្វើ​​កាល​ណោះ មាន​ដូច​ជា មើល​គោ​ ក្របី ធ្វើ​ស្រែ​ចម្ការ និង​រែក​ទឹក ជា​ដើម។

ដោយ​ការងារ​បម្រើ​គេ​នេះ​ពិបាក​ពេក លោក​ធ្វើ​​បាន​​តែ៦ខែ​ប៉ុណ្ណោះ ក៏​សុំ​ឈប់​វិញ។ ដូច្នេះ លោក​ត្រូវ​វិល​ទៅ​​រស់​នៅ​ជា​មួយ​ម្ដាយ​ និង​ប្អូន​ៗ​ចំនួន៤​នាក់​ទៀត​នៅ​ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត កំពង់ចាម​។ ដោយ​សារ​ជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ លោក​ត្រូវ​ទទួលរ៉ាប់រង​ការងារ​ជា​ច្រើន​ដើម្បី ​ចិញ្ចឹម​ប្អូន​ៗ​ជា​មួយ​ម្ដាយ។ លោក​ត្រូវ​ទូល​ពោត​ស្ងោរ នំអាកោ រែក​ទឹកត្នោត រាវ​ខ្ចៅ​ខ្យង យក​ទៅ​លក់​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ។ នៅ​អាយុ​ប្រហែល​ជា​១៣​ឆ្នាំ ដោយ​សារ​តែ​គ្រួសារ​នៅ​តែ​មាន​ជីវភាព​លំបាក គួបផ្សំ​លោក​មាន​និស្ស័យ​ផ្នែក​សិល្បៈ​ផង​នេះ លោក​បាន​សុំ​ម្ដាយ​របស់​លោក ចូល​លេង​ល្ខោន​បាសាក់ ក្នុង​វង់​ល្ខោន “​តា​អូក្លូញ​” ស្ថិត​ក្នុង​​​ស្រុកកំណើត។

លោក ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ម្ដាយ​របស់​លោក​មិន​ចង់​ឲ្យ​លោក​ធ្វើ​ជា​អ្នក​សិល្បៈ​​នោះ​ទេ គាត់​បាន​មក​ហៅ​លោក​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ញឹកញាប់ ប៉ុន្តែ​ដោយសារ​តែ​លោក ​មាន​​និស្ស័យ​ខាង​សិល្បៈ​​ខ្លាំង​ពេក លោក​បាន​អង្វរ​ម្ដាយ​ សុំ​លេង​ល្ខោន​បាសាក់​នេះ​បន្ត​ទៀត ដោយ​សន្យា​ចំពោះ​មុខ​ម្ដាយ​ថា នៅ​ពេល​ដែល​លោក​រកស៊ី​មាន​បាន ​ទើប​លោក​ត្រឡប់​មក​ជួប​ម្ដាយ​វិញ ប៉ុន្តែ​​បើ​មិន​មាន​បាន​ទេ លោក​មិន​ត្រឡប់​មក​​ជួប​ម្ដាយ​របស់​លោក​វិញ​ឡើយ។

Leave a Reply