ជួយគ្នាក្នុងគ្រាលំបាក អែនជី ប្រកាសចែកម៉ាស់ក្រមា ២០០០ ដល់បងប្អូនខ្មែរ បង្ការមេរោគ Covid-19

ខណៈប្រទេសកម្ពុជាបានរកឃើញប្រមាណជា ៣៧ ករណី នៃអ្នកឆ្លង Covid-19 គិតត្រឹមថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ នេះ តារាចម្រៀង អេនជី បានប្រកាសចែកម៉ាស់ដែលដេរពីក្រមាចំនួន ២០០០ ម៉ាស់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគដ៏សាហាវនេះ ។

តារាស្រី អែនជី បាននិយាយដូច្នេះថា ម៉ាស់ក្រមាខ្មែរចំនួន ២០០០ ម៉ាស់ បានចូលស្តុកហើយ តែមិនមែនសម្រាប់លក់ទេ គឺសម្រាប់ចែកចាយបងប្អូនខ្មែរដែលខ្វះខាតសម្រាប់ប្រើប្រាស់ ។ ក្នុងនោះដែរ តារាស្រី អែនជី ក៏បានបន្ថែមឱ្យដឹងទៀតថា ក្នុងចំនួនម៉ាស់ទាំង ២០០០ នោះមានចំនួន ៥០០ ម៉ាស់ ត្រូវចែកជូនបងប្អូនខ្មែរអ៊ីស្លាមនៅខេត្តក្រចេះ និង មាន ២០០ ម៉ាស់ ព្រមទាំងប្រាក់ ១ លានរៀលផ្សេងទៀត ត្រូវបានយកជួយដល់បងប្អូនខ្មែរដែលខ្វះខាតនៅខេត្តព្រះវិហារ និង សល់ប៉ុន្មានចែកនៅតំបន់ផ្សេងៗ ។

អ្វីដែលពិសេសលើនេះទៀតគឺទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់តារាស្រី អែនជី ដោយអ្នកនាងបាននិយាយថា ខ្មែរអ៊ីស្លាម ខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្ដាល គឺសុទ្ធតែជាខ្មែរ ជួយគ្នាក្នុងគ្រាលំបាកជារឿងដែលត្រូវធ្វើនៅពេលនេះ ។ នេះពិតជាទឹកចិត្តដ៏ប្រពៃមួយដែលតារាចម្រៀងស្រី អេនជី បានចូលរួមជាមួយសង្គមដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគ Covid-19 ក្នុងប្រទេសកម្ពុជា ៕

Leave a Reply