ច្បាស់ដូចថ្ងៃ! អគ្គនាយកបច្ចេកទេសធនាគារជាតិ បកស្រាយចំៗ ជុំវិញការស្នើសុំពន្យាការយកការប្រាក់

បន្ទាប់ពីការរាតត្បាតវីរុស Covid-19 បានជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចទៅលើបណ្ដាប្រទេសផ្សេងៗជាច្រើន ដែលរកឃើញវីរុសនេះ ។ ក្នុងនោះប្រទេសកម្ពុជាយើងក៏ទទួលរងនូវផលប៉ះពាល់ដែលបណ្ដាលឱ្យអាជីវកម្មមួយចំនួនបានផ្អាកដំណើរការជាហេតុនាំឱ្យធ្លាក់ប្រាក់ចំណូល ។ ទន្ទឹមនឹងនោះដែរក៏មានពលរដ្ឋមួយចំនួនទទូចស្នើឱ្យធនាគារពន្យាពេលការយកអត្រាការប្រាក់ ព្រោះមុខរបរមួយចំនួនត្រូវប៉ះពាល់ ។ ដោយឡែកនេះជាការស្នើសុំដោយមិនមានមូលដ្ឋានគ្រឹះយល់ដឹងផ្នែកសេដ្ឋកិច្ចច្បាស់លាស់នោះទេ ។ ដូច្នេះសូមទៅអានការពន្យល់ច្បាស់ៗពីលោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិកម្ពុជាដូចខាងក្រោម៖

1-ការត្រូវផ្តល់ការពន្យា ឫ កាត់បន្ថយអាត្រាការប្រាក់ គឺជាសិទ្ធរបស់វិស័យឯកជន។ ដូចអ្នករកស៊ីដទៃទៀតដែរ រដ្ឋមិនអាចឲ្យគេលក់ក្នុងតម្លៃមួយដែលគេខាតបានទេ។ នៅបរទេសគេធ្វើបាន ព្រោះរដ្ឋគេចេញខាតជំនួស តាមរយៈការមិនយកពន្ធ ឫ វិធានការផេ្សងៗ។ យើងអាចបង្ខំឲ្យធនាគារធ្វើបាន លុះត្រាតែធនាគារ ទទួលផលប្រយោជន៏អី្វមួយពីរដ្ឋវិញ។ បើយើងជាអ្នករកស៊ី ហើយរដ្ឋឲ្យយើងលក់ថោកជាងធម្មតា ដោយមិនចេញខាតឲ្យ ក៏យើងមិនសុខចិត្តដែរ។

2- ការទាមទាឲ្យមានវិធានការជាលក្ខណៈទូទៅ មិនរើសមុខ ក្នុងការពន្យាការយកការប្រាក់ឫប្រាក់ដើម ក៏មិនអាចធ្វើបានដែរ ព្រោះត្រូវចំណាយធនធានធំណាស់ដើម្បីធ្វើការងារនេះ។ ធនាគារទទួលប្រាក់បញ្ញើពីសាធារណៈជន រួចហើយយកប្រាក់នោះឲអតិថិជនខ្ចីបន្ត ។ បើអ្នកខ្ចីណាមួយមិនសង ឫ ពន្យាពេលការសង នោះធនាគារក៏មិនអាចឲអ្នកក្រោយៗ ខ្ចី ដែរ។ ណាមួយមិនដឹងថាវិបត្តនេះបន្តយូរប៉ុណ្ណាទេ ដូច្នេះធនាគារគេចង់ជួយអ្នកដែលជួបបញ្ហាពិតប្រាកដនិងធ្ងន់ធ្ងរ។ ដូច្នេះ ត្រូវជួយអ្នកពិបាកពិតប្រាកដមុនគេ ព្រោះធនាគារក៏មានធនធានមានកម្រិតដែរ។ ជាពិសេសបើអ្នកមានលុយសល់ឈប់ផ្ញើនៅធនាគារ ធនាគារក៏ពុំមានទុនបង្វិលដែរ ។

3-មានសំនួរថាបើអញ្ចឹង ធ្វើអីមិនបានៗ ទុកឲ្យអ្នករកសុីតូចតាចស្លាប់ឫ? អត់ដល់ម្លឹងទេ ។ ដូច្នេះហើយបានជាធនាគារជាតិនៃកម្ពុជាចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានសម្រួលនិងមានភាពទន់ភ្លន់ តាមស្ថានភាពជាក់ស្តែង ។ បើគាត់គិតថាអតិថិជនណាមួយជួបវិបត្តពិតប្រាកដ ដោយសារ Covid ១៩ នោះគាត់នឹងជួយ ហើយអាចជួយលើសពីការស្នើរសុំពីអាជ្ញាធរទៀត ។ ប៉ុន្តែបើក្រុមហ៊ុននោះតាមពិតទៅជួបបញ្ហាតាំងតែពីមុនវេរ៉ុសវាយលុគ នោះគេអាចមិនជួយ ព្រោះទោះជាស្ថានភាពបច្ចុប្បន្នល្អឡើងវិញ ក៏ស្រោចស្រង់មិនរួចដែរ ។

4- ជាថ្នូរនឹងការអនុវត្តនេះ ធនាគារជាតិនៃកម្ពុជាបានចេញវិធានការ៥យ៉ាង ដើម្បីជួយគ្រឹះស្ថានវិញ។ ដោយមិនបាច់ចូលជ្រៅក្នុងបច្ចេកទេសធនាគារ យើងគ្រាន់តែដឹងថាវិធានការទាំងនេះមានគោលបំណង បន្ថូរបន្ថយ ថ្លៃដើម នៃដើមទុនរបស់គ្រឹះស្ថាន ដើម្បីឲ្យគាត់បន្តផ្តល់ឥណទានក្នុងតម្លៃទាបដល់អតិថិជន និងមានសាច់ប្រាក់ច្រើនក្នុងដៃរដើម្បីផ្តល់ភាពងាយស្រួលដល់ការសម្រេចចិត្តពន្យាពេលសងរបស់គាត់ ។

Leave a Reply