ត្រឹម ៣ ខែកន្លះ គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺកូវីដ ១៩ ទាំងខ្មែរ បរទេស ជាដាច់ជិតអស់ពីមន្ទីរពេទ្យហើយ….

គិតចាប់តាំងពីខែមករា ២០២០ រហូតមកដល់ថ្ងៃទី ១៦ មេសា ២០២០ នេះពោលទើបតែ ៣ ខែកន្លះប៉ុណ្ណោះ ក្រុមគ្រូពេទ្យកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ ១៩ ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យសរុបចំនួន ៩៨ នាក់ហើយ ក្នុងចំណោមអ្នកដែលបានឆ្លង ១២២ នាក់ ។

គិតត្រឹមព្រឹកថ្ងៃទី ១៦ មេសា អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសល់ត្រឹម ២៤ នាក់ប៉ុណ្ណោះ ខណៈរយៈពេល ៣ ថ្ងៃជាប់ៗគ្នាតាំងពីថ្ងៃទី ១៣ មេសា កម្ពុជាយើងមិនមានករណីឆ្លងថ្មីឡើយ ។

តាមសេចក្ដីប្រកាសរបស់ក្រសួងអ្នកដែលបានជាសះស្បើយទាំងនោះរួមមាន៖ បុរសជនជាតិចិន ១ នាក់, ស្ត្រីជនជាតិអង់គ្លេស ៣ នាក់, បុរសជនជាតិអង់គ្លេស ១ នាក់, បុរសជនជាតិប៊ែកហ្សិក ១ នាក់, បុរសជនជាតិបារាំង ១៧ នាក់ (ក្នុងនេះមានទារកអាយុ ៤ខែ), បុរសជនជាតិម៉ាឡេស៊ី ១២នាក់, បុរសជនជាតិឥណ្ឌូណេស៊ី ២ នាក់, បុរសជនជាតិខ្មែរ ៣៦ នាក់ និងស្ត្រីជនជាតិខ្មែរ ៥ នាក់ ។

ទោះបីជាប៉ុន្មានថ្ងៃមកនេះកម្ពុជា មិនមានករណីថ្មីនៃកូវីដ ១៩ ក៏ពិតមែន ប៉ុន្តែក្រសួងសុខាភិបាលនៅតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងការរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីកម្ពជាយើងទទួលបានភាពជោគជ័យលើជំងឺកូវីដ ១៩ នេះ ៕


ក្រសួងសុខាភិបាល ស្នើឱ្យក្រសួងការងារ ដាក់កម្មករ និយោជិត ដែលវិលត្រឡប់មកពីចូលឆ្នាំវិញ នៅដាច់ដោយឡែក ១៤ថ្ងៃសិន

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលបានផ្ញើជូនក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញផ្សាយនៅយប់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល ស្នើឱ្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរោងចក្រ សហគ្រាស និង ក្រុមហ៊ុននានា ដាក់កម្មករ និយោជិត ដែលទៅស្រុកលេងចូលឆ្នាំរយៈពេល ១៤ ថ្ងៃ មុននឹងឱ្យពួកគេចូលធ្វើការវិញ ដើម្បីបង្ការការចម្លងជំងឺកូវីដ ១៩ ។

ក្នុងលិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មករ និយោជិត ដែលត្រឡប់មកពីចូលឆ្នាំវិញ ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកជាចាំបាច់ ហើយត្រូវតាមដានសុខភាពរបស់ពួកគេជាប្រចាំផងដែរ ៕

Leave a Reply