ដំណឹងល្អ សម្រាប់សិល្បករ ឬអ្នកនិពន្ធចម្រៀងខ្មែរវ័យក្មេង ដែលចង់អភិវឌ្ឍសមត្ថភាពឲ្យកាន់តែខ្លាំង ព្រោះឥឡូវគម្រោង The Sound Initiative ដែលមានឡូរ៉ាម៉ម និងក្រុមក្មេងខ្មែរជាទូតសុឆន្ទៈ បានប្រកាសបើកកម្មវិធីបណ្ដុះបណ្ដាលតន្ត្រីរយៈពេល១ឆ្នាំ នៅខែមិថុនាខាងមុខនេះ។ អ្នកចម្រៀង-អ្នកនិពន្ធបទចម្រៀង ៥នាក់ និងផលិតករតន្ត្រី ៥នាក់នឹងត្រូវជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍១០កន្លែង ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential។ វគ្គសក្សានេះផ្ដោតសំខាន់ទៅលើការរៀននិពន្ធបទចម្រៀង និងជំនាញចាំបាច់ដែលបានប្រើដោយអ្នកនិពន្ធបទចម្រៀងល្បីៗកន្លងមក ហើយក្រោយបញ្ចប់វគ្គសិក្សា ពួកគេនឹងត្រូវបំពាក់បំប៉នជំនាញបន្ថែមជាច្រើនទៀតដើម្បីចាប់ផ្ដើមថត និង mix បទភ្លេង។ កញ្ញា ឡូរ៉ាម៉ម ម្ចាស់ពានរង្វាន់អន្តរជាតិស្ត្រីឆ្នើម ផ្នែកសិល្បៈ និងវប្បធម៌ ២០១៨ ពីកម្មវិធី “ស្ត្រីនៃពេលអនាគតក្នុងតំបន់អាស៊ីភាគអាគ្នេយ៍” បានឲ្យដឹងថា៖ «កម្មវិធីនេះនឹងផ្ដល់ឲ្យសិល្បករយើងនូវជំនាញដែលពួកគេត្រូវការបំផុត ដើម្បីអាចអភិវឌ្ឍវិស័យតន្រ្តីខ្មែរឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត»។ ក្រុមក្មេងខ្មែរ បានឲ្យដឹងថា៖ «កម្មវិធីនេះមិនមែនសម្រាប់តែសិល្បករថ្មីៗប៉ុណ្ណោះទេ…
